ចេញផ្សាយ ថ្ងៃទី 13/03/2024
ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត មិនហ៊ានទៅក្បែរ កាស៊ីណូអត់ផ្លាកយីហោក្នុងភូមិទួលកន្តើយ នោះទេ ព្រោះអ្វីម្ចាស់កាស៊ីណូ មានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ទើបបុគ្គលរូបនេះអាចធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលស្វាយរៀងពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀងឡើយ ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទេីបឡេីងកាន់តំណែងថ្មីៗពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូអត់ផ្លាកយីហោ នៅភូមិទួលកន្តើយ ខេត្តស្វាយរៀង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងគំហុកឡើងវិញហើយ។
ចំពោះលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូ ចំណុចទួលកន្តេីយ នៅច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនធ្លក នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វេីៗ តាមទំនេីងចិត្ត។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកើតមានឡើងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕




