ក្រសួងដែនដី ចេញសេចក្ដីប្រកាសព័ត៌មានដល់អតិថិជនរបស់ បុរីមហារសដ្ឋី នៅខណ្ឌឬស្សីកែវ ដើម្បីត្រៀមឯកសារស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ នៅទីស្តីការក្រសួងបន្ទប់លេខ១១៩ នៅថ្ងៃទី១១ ខែតុលាខាងមុខ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ សូមជម្រាបជូនដល់លោក-លោកស្រី ដែលជាអតិថិជនរបស់ បុរីមហារសដ្ឋី ដែលមានទីតាំង ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៃរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់ បុរីមហាសេដ្ឋី និងភាគីពាក់ព័ន្ធ ឈានទៅបញ្ចប់បញ្ហា។
ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដំណើរការរៀបចំឯកសារ និងនីតិវិធី ដើម្បីឱ្យអតិថិជនមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិចំពោះអតិថិជន ដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% និងធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ដែលបង់ប្រាក់មិនទាន់គ្រប់ចំនួន។
អាស្រ័យហេតុនេះ សូមលោក-លោកស្រី ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទប់លេខ១១៩ ដែលមានរយៈពេលមួយថ្ងៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន៕