ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យស្ថាបនិកមុខម្ហូបខ្មែរ (Rotanak-Home) ចូលជួបសម្តែងការគួរសម និងជូនសៀវភៅមានចំណងជើងថា “សោយ”

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកស្រី រស់ រតនៈ (Chef Nak) ស្ថាបនិក មុខម្ហូបខ្មែរ (Rotanak-Home) ចូលជួបសម្តែងការគួរសម និងជូនសៀវភៅដែលមានចំណងជើងថា “សោយ” មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ ជូនឯកឧត្តមរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

សៀវភៅនេះ ពុំគ្រាន់តែជាសៀវភៅធ្វើម្ហូបធម្មតានោះទេ តែជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីមរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ ដែលបានបន្សល់ទុកជាយូរឆ្នាំមកហើយ។ រូបមន្តទាំងនេះ ក៏ធ្លាប់បានបោះពុម្ពផ្សាយ និងបង្រៀននៅតាមសាលាក្នុងទីក្រុងភ្នំពេញ នាទសវត្សរ៍ ១៩៥០ និង១៩៦០ ដោយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ។