ភ្នំពេញ ៖ប្រភពថ្មីៗនេះពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្នល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ ជាពិសេសហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជ្រកក្រោមយីហោហាងអ៊ីនធឺណេតកើតឡើងយ៉ាងពេញបន្ទុក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងខុសច្បាប់រាលដាលពេញទឹកដីខណ្ឌចំការមន តែម្ដង។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងទឹកដីខណ្ឌចំការមនជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ ផ្សារដើមថ្កូវ បានឲ្យដឹងថា នៅខាងក្រោយទីតាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ផ្លូវ៩៧អា សង្កាត់ផ្សារដើមថ្កូវ មានគេបើកល្បែងហ្គេមបាញ់ត្រីយ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាបង្ក្រាបទាល់តែសោះ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅតំបន់ដែលមានល្បែងហ្គេមបាញ់ត្រីយ៉ាងរាលដាលនោះ គឺជាទីតាំងប្រមូលផ្ដុំចែកចាយជួញដូរប្រើប្រាស់គ្រឿងញៀននិងជាតំបន់សុខសាន្តរបស់ក្រុមចោរលួច ចោរប្លន់ទៀតផង។ ក៏ប៉ុន្តែទាំងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន នាំគ្នាដេកលក់ស្ងាត់ឈឹងធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋសង្ស័យថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់សង្កាត់ ក៏ដូចជាថ្នាក់ខណ្ឌ សម្ងំទទួលផលប្រយោជន៍ពីក្រុមជនបើកល្បែងស៊ីសងខុសច្បាប់ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
ចំណែកប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងត្របែក ក៏បានឲ្យដឹងដែរថា នៅតាមផ្លូវមួយចំនួនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជ្រកក្រោមយីហោហាងអ៊ីនធឺណេត នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន មិនចាត់វិធានការបង្ក្រាបឡើយ។ ជាងនេះទៅទៀតនៅក្នុងទឹកដីសង្កាត់បឹងត្របែក ក៏ដូចជាសង្កាត់ផ្សារដើមថ្កូវ សង្កាត់ទួលទំពូងទី១ និងសង្កាត់ទួលទំពូងទី២ ក៏មានអំពើចោរកម្ម ក៏ដូចជាបទល្មើសគ្រឿងញៀនគួរឲ្យព្រួយបារម្ភផងដែរ ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចកក្នុងខណ្ឌចំការមន មិនចាត់វិធានការទប់ស្កាត់ឬបង្ក្រាបប្រកបដោយប្រសិទ្ធភាពទាល់តែសោះ។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងខណ្ឌចំការមន អំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបទល្មើសផ្សេងៗជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃយ៉ាងសប្បាយៗ៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com
077797952/0887797952
WhatsApp=012580455