កំពង់ស្ពឺ ៖ ថ្មីៗនេះតាមប្រភពពីមន្ត្រីគយក្នុងខេត្តកំពង់ស្ពឺ មួយចំនួនបានឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ ទើបលោក ឈួន ហៃ ប្រើគ្រប់វិធីដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន ហៃ មេគយខេត្តកំពង់ស្ពឺ នោះទេ។ ដូច្នេះហើយទើបលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកមួយចំនួនឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល រហូតដល់បង្កើតកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ យ៉ាងសុខស្រួល។
ប្រភពដែលស្និទ្ធនឹងលោក ឈួន ហៃ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រួចមកគឺលោក ឈួន ហៃ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ នោះទេ។ ផ្ទុយទៅវិញកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ ហើយទោះបីឈ្មួញដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីគយប្រចាំកុងត្រូលជជុះនោះទេ។
បញ្ហានេះជារឿងដែលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះកន្លងមកលោក ឱម យ៉ិនទៀង ធ្លាប់ប្ដេជ្ញាយ៉ាងច្បាស់លាស់ក្នុងការលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព។
តាមការកត់សម្គាល់ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក ឈួន ហៃ ទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយចាប់ផ្ដើមប្រើអំណាចនិងតួនាទីររបស់ខ្លួនប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាក់ស្ដែងមួយរយៈកន្លងទៅនេះលោក ឈួន ហៃ និងបក្ខពួកបង្កើតកុងត្រូលជជុះនៅខាងមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ តែម្ដងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ជាប្រភពចំណូលដ៏ធំរបស់លោក ឈួន ហៃ និងបក្ខពួក ព្រោះលោក ឈួន ហៃ មិនដែលបង្ក្រាបក្រុមឈ្មួញទាំងនោះទេ ដោយសារខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455