កំពង់ឆ្នាំង ៖ ប្រជានេសាទលក្ខណៈគ្រួសារបានរអ៊ូរទាំថា របាំងសាច់អួនទំនើបក្រឡាញឹកដាក់ស្ទាក់ចាប់ត្រីលាតសន្ធឹងតាមចរន្តទឹកហូរនៅក្នុងភូមិសាស្ត្រឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងចាប់ពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទដែលមានរាប់រយកន្លែងៗនិមួយៗចាប់ពី៥០០ម៉ែត្ររហូតដល់ជាង១០០០ម៉ែត្រ សមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលជលផលគ្មានវិធានការបង្ក្រាបសោះឡើយ ។ ជាក់ស្តែងចំណុចតំបន់អភិរក្ស(កុកពង) (ព្រែកតាថាស) (ព្រែកតាលា) និងចំណុច(ក្បាលស្រែ) រហូតដល់ចុងព្រែក ស្ថិតក្នុងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ របាំងលបក្រឡាញឹកទាំងនេះ មិនទាន់ឃើញមានសមត្ថកិច្ចជំនាញរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបង្ក្រាបនៅឡើយទេ។
ពាក់ព័ន្ធនិងករណីនេះប្រជាពលរដ្ឋអ្នករាយមងចងសន្ទូចនៅតំបន់នោះបានឲ្យដឹងថារបាំងសាច់អួនទំនើបក្រឡាញឹកដាក់ស្ទាក់ចាប់ត្រីគ្រប់ប្រភេទជាពិសេសត្រីល្អិតៗ(ត្រីនុយ)ដឹកយកទៅលក់ចែកចាយធ្វើជាចំណីត្រីឆ្តោនិងត្រីរ៉ស់ ។
ចាប់តាំងពីរដ្ឋាភិបាលអនុញ្ញាតអោយមានការចិញ្ចឹមត្រីឆ្តោឡើងវិញដោយប្រើចំណីសិប្បនិម្មិត ក្រុមអ្នករកស៊ីបទល្មើសទាំងនោះមានលេសចិញ្ចឹមត្រីឆ្តោដោយចំណីត្រីល្អិតជាអាហារដែលនាំអោយមានការដាក់របាំងលបក្រឡាញឹកជាពិសេសរបាំងស្បៃមុងមានការកើនឡើង ។
ប្រជានេសាទលក្ខណៈគ្រួសារខាងលើ បានប្រាប់បន្តថា វត្តមានរបាំងណរ៉ាវលប(បរ)ឬរ៉ូយ៉ាល់សាច់អួនក្នុងឆ្នាំ២០១៩នេះមានការកើនឡើងដោយសារតែខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោកលីឡានិងលោកឌុលច័ន្ទឌីនាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែងបើកដៃក្រោមការទទួលយកលាភសក្ការៈពីក្រុមឈ្មួញដោយមានអ្នករត់ការ រស់នៅក្នុង ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង និង មាន ឈ្មោះ១.ឈ្មោះក្រេត២.ឈ្មោះហួរ.៣.ឈ្មោះវុទ្ធនៅមានច្រើននាក់ទៀត ។
នៅក្នង ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទ គេសង្កេតឃើញមានជារៀងរាល់ឆ្នាំ ។ ឯការនេសាទដោយប្រើឧបករខុសច្បាប់ក៏មានទៅតាមរដូវ រដូវវស្សាឈ្មួញនេសាទ ដោយប្រើឧបកររបាំងលប(បរ)ណរ៉ាវ និងរបាំងស្បៃមុង ។ល។
នៅរដូវប្រាំងគឺចាប់ពីពាក់កណ្តាលខែតុលាទៅឧបករល្មើសមានចំរុះ ទាំងរបាំង. អួនគូរ .យ៉ាំងកាវ .ស៊ីប.នាម.មងគ្រប. ឧបករណ៍ទាំង(៥)ប្រភេទនេះសរុបទាំងតូចទាំងធំមានមិនតិចនោះទេ។
ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីជលផលខេត្តកំពង់ឆ្នាំងបានទទួលស្គាល់ថាពិតជាមានសកម្មភាពលួចលាក់ដាក់របាំងពិតប្រាកដមែននិងបានបដិសេធនិងបញ្ជាក់ថា គ្មានក្រុមរត់ការអ្វីនោះទេ ។
ប្រជានេសាទលក្ខណៈគ្រួសារស្នើសុំសមត្ថកិច្ចជំនាញថ្នាក់លើ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកឈួរ ច័ន្ទឌឿនក្នុងនាមគណៈបញ្ជាការឯកភាពខេត្តចាត់វិធានការបង្ក្រាបទាន់ពេលវេលា ដើម្បីការពារធនធានមច្ឆជាតិអោយកើនឡើងដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា ។
គួររំលឹកផងដែរថា នៅក្នុងពិធី បិទសន្និបាតបូកសុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ បន្តឆ្នាំ២០១៧ របស់សាលា ខេត្តសៀមរាប នៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល និងបង្កើត ក្រុមការងារ មួយដឹកនាំ ដោយលោក នេត សារឿន អគ្គស្នងការនគរបានជាតិ ដើម្បីបង្ក្រាប បទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ ទូកល្បឿនលឿន ប្រភេទរ៉ូយ៉ាល់ ហើយកម្មភាពនេះ ធ្វើជាប្រចាំ ដោយសម្តេច និងជិះយន្តហោះ ពិនិត្យមើល ពីខាងលើ ក្នុង២សប្តាហ៍ម្តង ឬ១ខែម្តង។
សម្តេចបានបន្តថា ថ្ងៃមួយសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់ បឹងទន្លេសាប សម្តេចមើល ពីលើឃើញថា បទល្មើសនេសាទ មានច្រើនទាំង នៅកណ្តាល បឹងទន្លេសាប និងព្រៃលិច ទឹកនៅជុំវិញ ដែលបញ្ហានេះ ចាំបាច់ត្រូវ ឲ្យយើងដោះស្រាយ ជាបន្ទាន់ ។ សម្តេចបានព្រមានអភិបាលខេត្ត ទាំងអស់នៅជុំវិញ បឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើស នេសាទច្រើន និងត្រូវដកពីតំណែង។
សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទ ទាំងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈ គ្រួសារបានទូលាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោល ឡូតិ៍នេសាទ ហើយបទល្មើស គឺកើតឡើង យ៉ាងខ្លាំង ដែលបញ្ហា នេះចាំបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយបន្ទាន់។ ក្នុងនោះគេសង្កេតឃើញថា នៅខេត្តកំពង់ឆ្នាំងបទល្មើសនេសាទ កើតមាន យ៉ាងពេញបន្ទុក មិនចាញ់ខេត្ត ផ្សេងទៀត ជុំវិញបឹង ទន្លេសាបនោះដែរ។
សូមជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបលើបទល្មើសធំៗចំនួន៥ រួមមាន៖ បទល្មើសកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ៃខុសច្បាប់ និងអាជីវកម្មខ្សាច់ខុសច្បាប់ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានទៀតថា ក្នុងករណីដែលមានបុគ្គលណាធ្វើល្មើសច្បាប់ខាងលើនេះ ជនទាំងនោះត្រូវទទួលទោសតាមច្បាប់កំណត់ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចចូលរួមជាអធិបតីភាព ក្នុង ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាងមហោឡារិកក្រោមវត្តមានអ្នកចូលរួមរាប់ពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧។
ថ្លែងបញ្ជាក់នៅក្នុងពិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា«គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់ ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455