ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​លោក សោម ចិន និង​លោក លី សារី អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាមួយ​បងប្អូន​ខ្មែរ​ឥស្លាម​នៅ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ លោក សោម ចិន តំណាងរាស្ដ្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ក្រុង​កំពត ខេត្ត​កំពត និង លោក លី សារី​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៥​ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ក្រុង សង្កាត់ នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី ជាមួយ​បងប្អូន​ខ្មែរឥស្លាម​ប្រមាន​ជិត​៣០០​នាក់ នៅ​ភូមិ​ស្រែ​ក្នុង​សង្កាត់​ត្រើ​កោះក្រុង​កំពត​ខេត្តកំព​ត​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​បងប្អូន​ខ្មែរ​ឥស្លាម លោក លី សារី និង​លោក សោម ចិន បាន​លើក​បញ្ជាក់​ថា​នំ​បញ្ចុក​ខ្មែរ​គឺជា​អាហារ​ប្រពៃណី​មរកត​របស់​ខ្មែរ​តាំងពី​ដូនតា​យើង​ត​រៀង​មក​ហើយ​ការជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​ខ្មែរ​នៅ​ពេល​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និង​ឯកភាព​ជាតិ​ព្រមទាំង​បង្ហាញ​ពី​ការចូលរួម​លើកតម្កើង​នូវ​គុណភាព​ម្ហូបអាហារ និង​នំចំណី​ខ្មែរ ដែលជា​អត្តសញ្ញាណ​របស់​កម្ពុជា​ផងដែរ​។​

​នំ​បញ្ចុក​មិនមែន​ជា​កម្មសិទ្ធិ​របស់​បក្ស​នយោបាយ​ណាមួយ​នោះទេ វា​ជា​របស់​ជាតិខ្មែរ​ទាំងមូល គឺមាន​តែ​នំ​បញ្ចុក​សាមគ្គី​ជាតិ បង្រួបបង្រួម​ជាតិ​ទើប​ប្រទេស​ជាតិ​មាន​សុខដុមរមនា មិនមែន​នំ​បញ្ចុក​បំបែកបំបាក់​ជាតិ​នោះ​ឡើយ​។​

​លោក សោម ចិន ក៏​បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​នំ​បញ្ចុក​ឱ្យបាន​ឆ្ងាញ់​ទាំងអស់គ្នា ដើម្បី​មាន​កម្លាំង​រួម​ដំណើរ​បន្តទៀត​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​ជា​រៀង​រហូត​និង​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន​ត​ទៅ​អនាគត​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ​ពាក់ព័ន្ធ​ការគោរព​ជំនឿ​សាសនា លោក សោម ចិន ក៏បាន រំលឹក​បញ្ជាក់ដែរថា សម្រាប់​នៅ​កម្ពុជា​យើង​មិនថាឡើយ​សាសនាព្រះពុទ្ធ សាសនា​ឥស្លាម​ឬ​សាសនា​ដ៏​ដៃ​ទៀតឡើយ គឺ​កើតឡើង​ដំណាលគ្នា​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ដែល​ត្រូវ​បាន​របប​ប៉ុលពត​លុបបំបាត់ចោល​ទាំងស្រុង​។ ហើយ​បច្ចុប្បន្ន​នេះ​បើ​ទោះបី​រដ្ឋ​ធម្មនុញ្ញ​បាន​ចាត់ទុក​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​ក៏ពិតមែន ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន តែង​បាន​ផ្ដល់​សិទ្ធិសេរីភាព​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ក្នុង​ជំនឿ​សាសនា​របស់​ខ្លួន​រៀងៗ​ខ្លួន​ពិសេស​បងប្អូន​សាស​នឹក​ខ្មែរ​ឥស្លាម រមែង​តែង​ទទួល​ភ័ព្វ​សំណាង​មាន​ការយកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​សម្ដេច​តេជោ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ប្រកបដោយ​សុខ​ដុម​ប​នីយកម្ម​សាសនា​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក សោម ចិន ក៏​បាន​កោតសរសើរ​និង​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដែល​តែង​បាន​ចូលរួម​សហការ​អភិវឌ្ឍ​ន៍​ផ្លូវ ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​មួយចំនួន​ទៀត​ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី លោក​ផ្ទាល់​ក្នុង​មូលដ្ឋាន​នេះ​កន្លងមក​ធ្វើឱ្យ​មាន​ការរីកចម្រើន​គួរឱ្យ​សរសើរ​។​

​ជាមួយគ្នានេះ លោក សោម ចិន ក៏​បាន​ក្រើនរំលឹក​ផ្ដាំផ្ញាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​កងកម្លាំង​សមត្ថកិច្ច​បន្ត​សហការ​គ្នា​បន្ថែមទៀត​ក្នុង​ការអភិវឌ្ឍ​និង​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ក្នុង​មូលដ្ឋាន​អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ផង​ដែរ​។ ជ​ជាមួយ​ឱកាស​នោះ​លោក សោម ចិន​ក៏​បាន​នាំមក​នូវ​វត្ថុ​អនុស្សាវរីយ៍​កំដរដៃ មាន​សារុង ម្សៅ​សាប៊ូ​និង ថវិកា​ជូន​ដល់ អ្នកក្រីក្រ ចាស់ជរា ព្រមទាំង​អ្នកចូលរួម​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នាពេលនេះ សរុប​ចំណាយ​ថវិកា​អស់​ចំនួន​៣​លាន​៧​សែន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!