ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​លោក ស៊ុន ចាន់ថុល ចុះ​បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ស្រុក​កោះធំ និង​អំពាវនាវ​អង្គ​បោះឆ្នោត​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់គ្នា​

(​កណ្តាល​)៖ លោក ស៊ុន ចាន់ថុល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​កោះធំ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចុះ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កោះធំ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក បេក្ខជន​ក្រុមប្រឹក្សា​ស្រុក និង​អង្គ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ ១៧៦​រូប​។​

​នៅ​ចំពោះមុខ​អង្គ​បោះឆ្នោត​ដែល​ជា​ក្រុមប្រឹក្សា​ឃុំ​ក្នុង​ស្រុក​កោះធំ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​គ្រប់ៗ​គ្នា​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ និង​បោះឆ្នោត​ជូន​បេក្ខភាព​ក្រុមប្រឹក្សា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ការបោះ​ឆ្នោត​ជូន​បេក្ខភាព​ក្រុមប្រឹក្សា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ការបង្ហាញ​ថា «​ខ្មែរ​រួបរួម​គ្នា​ក្រោម​កម្លាំង​មហា​សាមគ្គី​ផ្ទៃក្នុង​រឹងមាំ​»​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ក៏​បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​កុំ​ជឿ​តាម​ការ​ញុះញង់​ពី​សំណាក់​ពួក​ជន​អ​គិត ដែល​តែងតែ​បំភិតបំភ័យ និង​ភូតភរ គ្រប់​រូបភាព គ្មាន​សីលធម៌​។​

​ក្នុងឱកាស​នោះ លោក ស៊ុន ចាន់ថុល ក៏​បាន​លើក​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ផងដែរ​។

​លោក បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើឱ្យ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់​៧% ដែល​ជា​កត្ដា​ជំរុញ​ឱ្យមាន​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែច្រើន ប្រែក្លាយ​ពី​ផ្លូវ​ដី​ទៅ​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង មាន​ទីផ្សា​រលក់​ផលិតផល មាន​ភ្ញៀវទេសចរ មាន​វិនិយោគិន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាជន និង​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង​ប្រកប​ដោយ​សន្តិសុខ និង​សុវត្ថិភាព ។​

​លោក ស៊ុន ចាន់ថុល ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​រាជរដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ក៏​បាន​បង្ហាញ​ពី​សមិទ្ធផល​ការងារ​ថ្មីៗ​របស់​ក្រសួង​សម្រេច​បាន​មួយ​ចំនួន​ផងដែរ​។

​សមិទ្ធផល​ថ្មីៗ​ទាំងនោះ មាន​ដូចជា​ការរៀបចំ​អនុក្រឹត្យ​ថ្មី​ស្តីពី​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដោយ​អនុញ្ញាត​ឱ្យ​ម្ចាស់​យានយន្ត​រក្សាទុក​លេខ​ចាស់​ដើម្បី​បំពាក់​យានយន្ត​ថ្មី​របស់​ខ្លួន​, ការតភ្ជាប់​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ងាយស្រួល​និង​ឆាប់រហ័ស និង​កម្មវិធី​ថែទាំ​ផ្លូវ​(ROAD CARE Mobile App) អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​អំពី​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ដើម្បី​ក្រុម​ការងារ​ក្រសួង​អាច​ចុះ​ទៅ​ជួសជុល​បាន​ទាន់ពេលវេលា ។​

​ក្នុងឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​ទ្វេ​ដង​មិនឱ្យ​ប្រជាពលរដ្ឋ​ខកចិត្ត ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ក៏​ដូចជា​ស្រុក​កោះធំ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត ស្របតាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន​៕

​លោក ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!