ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

សាខា​កាកបាទក្រហម​ខេត្ត​កែប ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា​ឆ្នាំ​២០១៩

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា​ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប បាន​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​”​។​

​អង្គពិធី​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ប្ធ្រា​ន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កែប អមដំណើរ​ដោយ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប និង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប ព្រមទាំង​អស់លោក​-​លោកស្រី ជា​សមា​ជីក សមាជិកា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត និង​សមាជិក សមាជិកា​សាខា​-​អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ ៥១៤​នាក់​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​គូសបញ្ជាក់ថា រយៈពេល​៦​អាណ​តិ្តក​ន្ល​ង​មកនេះ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ដ៏​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អា​សី​ុ​ប៉ាសីុហ្វិក​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការជួយ​សង្គ្រោះ​ដល់​ជន​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​។ លើសពីនេះ សម្តេច​បាន​ខិតខំ​ជម្នះ​រាល់​ការលំបាក​រាល់​ភាពស្មុគស្មាញ​ទាំងឡាយ និង​ធ្វើឲ្យ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កែប សម្រេចបាន​លទ្ធផល​ការងារ​យ៉ាង​ច្រើន​ឥត​គណនា​ក្នុង​បុព្វហេតុ​បេសកកម្ម​មនុស្សធម៌ និង​សង្គ្រោះ​ដល់​ជនរងគ្រោះ​គ្រប់​ប្រភេទ ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង ៧​ប្រការ របស់​ចលនា​គឺ​៖ ភាព​មនុស្សធម៌ ភាពមិនលំអៀង អធ្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា សក្ខីភាព​នៃ​ភារកិច្ច​មនុស្សធម៌ និង​សង្គ្រោះ​នេះ​ត្រូវ​ទទួលបាន​នូវ​ទំនុកចិត្ត​ពី​មហាជន​គ្រប់​ស្រទាប់​ដោយ​សម្រេចបាន​នូវ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់រហូ​តដល់​ការចាប់ផ្តើម​ដំណើរការ ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ជា​ផ្លូវការ​របស់​ខ្លួន តាមរយៈ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​អង្គពិធី​ទាំងមូល​នាពេលនេះ​។​

​ថ្លែង​ក្នុង​អង្គពិធី​ព្រឹក​នេះ លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់​ថា​៖ ទិវា​ពិភពលោក កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​សម្រាប់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់​ការព្រួយបារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដែល​ត្រូវការ​ឲ្យជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

​លោក ទេសរដ្ឋមន្ត្រី ក៏​បាន​ចាត់ទុក​ការចូលរួម​ពី​សំណាក់ សមាជិក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ដែល​មាន​តួនាទី​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ លើ​វិស័យ​មនុស្សធម៌​នាំមុខ​គេ​នៅ​កម្ពុជា ក្នុង​បេសកកម្ម​កសាង​ពង្រឹង ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ តាមរយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ​តម្លៃ​មនុស្សធម៌​របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​សប្បុរសជន​ដែល​តែងតែបាន​ចូលរួម​ផ្ដល់​ការគាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​កែប និង​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​បន្ត​ការគាំទ្រ​នេះ​ថែម​ទៀត ដើម្បី​ការធានាបាន​នូវេ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវ​ត្ថុ​ដែល​ជា​កត្តា​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នក​រងគ្រោះ​និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

​សូមជម្រាបថា​៖ វិភាគទាន​ថវិកា​ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ក្នុង​ឆ្នាំ​២០១៩​នេះ សរុប​មាន​ចំនួន ៧២.៦៥៥​ដុល្លារ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន គឺ​កើនឡើង​ចំនួន​១២.៤៨៧​ដុល្លារ ខណៈ​ដែល​កាល​ឆ្នាំ​២០១៨ ទទួល​ថវិកា​ពី​សប្បុរសជន​បាន​ត្រឹម​តែ​ចំនួន ៦០.១៦៨ ដុល្លារ​នោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!