ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​រដ្ឋបាល​ខេត្ត​កែប​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​៨​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត ដែល​រៀបចំ​ដោយ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កែប បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូល​ពី​លោក លោកស្រី អភិបាលរង​ខេត្ត គណៈ​អភិបាល ក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព លោកគ្រូ អ្នកគ្រូ ក្មួយៗ​ស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ពិធី​នេះ​រៀបចំ​ឡើង​នៅ​ឯ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​យុទ្ធសាស្ត្រ ក្នុង​ការលុបបំបាត់​គ្រឿងញៀន និង​ការទប់ស្កាត់​កុំឲ្យ​មាន​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ពិសេស​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​។​

​យោងតាម​របាយការណ៍ របស់លោក ណុប  មណ្ឌល ប្រធាន​មន្ទីរ​ទំ​ទាក់​ទំ​ទង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កែប​បានឲ្យដឹងថា ក្នុង​ការផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ គឺ​មាន​របៀបវារៈ​សំខាន់​ដែល​សម្រាប់​ជំរុញ​ដល់​សិស្សានុសិស្ស​ត្រូវ​ត្រងត្រាប់ ដូចជា​ការបង្ហាញ​អំពី​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ដោយ​មន្ត្រី​ជំនាញ ថែមទាំង​មាន​កម្មវិធី​សំណួរចម្លើយ ដែល​អ្នកសម្របសម្រួល​ត្រូវ​អនុញ្ញាត​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គពិធី​ទាំងមូល​លើកឡើង​ជា​សំណួរ ហើយ​បកស្រាយ​ឲ្យស្រប​ទៅ​នឹង​ប្រធានបទ​ខាងលើ​។​លោក​បាន​បន្តថា ក្នុង​វគ្គ​ផ្សព្វផ្សាយ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​នា​ព្រឹក​នេះ យើង​អាច​សន្និដ្ឋានបាន​ថា សមាជិក សមាជិកា ពិសេស​សិស្សានុសិស្ស​នឹង​យកចិត្តទុកដាក់ និង​បញ្ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ ដែល​សង្គម​ជាតិ​កំពុង​ស្អប់ខ្ពើម​។

​មានប្រសាសន៍​ទៅកាន់​អង្គពិធី លោក កែ​ន សត្ថា អភិបាលខេត្ត ក៏បាន​លើកឡើង​ថា គ្រឿងញៀន គឺ​បាន​ធ្វើឲ្យប៉ះពាល់ និង​អន្តរាយ​ដល់​សុខភាព ខូចខាត​ទ្រព្យសម្បត្តិ ងាយ​ឆ្លង​មេរោគ​អេដស៏ និង​កើត​មាន​អំពើហិង្សា​ផ្សេងៗ នៅក្នុង​គ្រួសារ និង​សង្គមជាតិ ជាពិសេស​ស្រទាប់​យុវវ័យ ដែល​ឈានទៅដល់​ការបាត់បង់​ធនធានមនុស្ស ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការប្រើប្រាស់​គ្រឿងញៀន​វា​ពិតជា​បាន​បន្សល់ទុក​នូវ​ក្តី​កង្វល់ ដល់​សហគមន៍ គ្រួសារ អាណាព្យាបាល ដែល​មាន​កូន ចៅ​រងគ្រោះ​ដោយសារ​គ្រឿងញៀន ព្រោះ​សារជាតិ​របស់​គ្រឿងញៀន​ធ្វើឲ្យ​យើង​ខូច​សុខភាព ទ្រុឌទ្រោម​កម្លាំង ឆ្លង​មេរោគ​ផ្សេងៗ បាត់បង់​ស្មារតី បាត់បង់​ធនធាន​មនុស្ស ទៅ​ជា​ឆ្កួត ហើយ​ចុងក្រោយ​អាច​ស្លាប់​ទៀតផង​។ ដូច្នេះ​លោក​ត្រូវ​តែ​ទាមទារ​ឲ្យមាន​ចំណាត់ការ​ហ្មត់ចត់ សមស្រប និង​ច្បាស់លាស់ របស់​ស្ថាប័ន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​រួមគ្នា​ចំ​ចាត់​គ្រឿងញៀន​ឲ្យអស់​ពី​មូលដ្ឋាន​របស់​យើង​។

​ជាមួយនេះ លោក​បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ជួយ​ចាត់វិធានការ​ទប់ស្កាត់ និង​រួម​គ្នា​បញ្ចៀស​គ្រឿងញៀន​ឲ្យ​ផុត​ពី​សហគមន៍​យើង ហើយ​វិធានការ​នោះ​គឺ​ការផ្សព្វផ្សាយ​និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ក្នុងសង្គម​។​

​នៅ​ចុង​ក្រោយ​កម្មវិធី​នេះ ក៏​មាន​ការ​សួរ​សំណួរ និង​ចម្លើយ​ពី​សិស្សានុសិស្ស​ដើម្បី​យក​រង្វាន់​ពី​គណៈអធិបតី​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r190314e0 r190314e1 r190314e2 r190314e3 r190314e4 r190314e5 r190314e6 r190314e7 r190314e8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!