ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​អ្នករំលោភ​បំពាន​ដី​បឹង​ឈូក​របស់​រដ្ឋ​នៅតែ​ចិញ្ចឹមចិត្ត​ប៉ង​ក្រសោប​យក​ឲ្យបាន បើ​ទោះជា​អាជ្ញាធរ​ខំ​រារាំង​បែបណាក៏ដោយ​

(​ខេត្ត​កំពត​)៖ មាន​ប្រភព​ច្បាស់​ការណ៍​បាន​ទម្លាយ​ថា អ្នករំលោភ​ដី​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​អួត​ប្រាប់​អ្នក​ស្រុក​ថា មុន​នឹង​ក្រោយ​គាត់​នឹង​ហៅ​រថយន្ត​ដឹក​ដី​ចាក់​លុប​បឹង​ឈូក យក​ធ្វើជា​កម្មសិទ្ធិឲ្យទា​ល់តែបាន បើទោះជា​អាជ្ញាធរ​ហាមប្រាម​ក៏ដោយ ព្រោះ​គាត់​មាន​ខ្នងបង្អែក​សុទ្ធតែ​ឯកឧត្តម​ធំៗ នៅឯ​រាជធានី​ភ្នំពេញ​។​ប្រភព​ខាងលើ​បានបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​អ្នករំលោភ​ដី​បឹង​ឈូក​ខាងលើ​បាន​ទៅ​សុំច្បាប់​ពី​រដ្ឋបាល​ស្រុក​ដើម្បី​ចាក់ដី​លុប​បឹង​ឈូក​នេះ ប៉ុន្តែ​អភិបាលស្រុក​ប្រាប់ថា មិន​អនុញ្ញាត​ឡើយ ព្រោះ​ករណី​រំលោភ​ទន្ទ្រាន​ដី​បឹង​ឈូក​របស់​រស់​ដ្ឋ​នេះ លោក​អភិបាលស្រុក​បាន​បញ្ជូន​ឯកសារ​ទៅដល់​រដ្ឋបាល​ខេត្ត​កំពត​រួចរាល់​ទៅហើយ​។​

​ជាមួយគ្នានេះ អ្នក​ប៉ុនប៉ង​ក្រសោប​យក​បឹង​ឈូក​បាន​លើកឡើង​ថា មុន​និង​ក្រោយ​គាត់​រក​វិធី​ចាក់ដី​លុប​បឹង​ឈូក​នេះ​យក​ធ្វើ​ជាស​ម្ប​តិ្ត​ឯកជន​ឲ្យ​ទាល់តែ​បាន ព្រោះ​ដី​បឹង​ឈូក​នេះ​គាត់​ដាំ​ឈូក​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ​។​ម្យ៉ាងទៀត​រូបគាត់​ក៏​មាន​ខ្នងបង្អែក​សុទ្ធតែ​ឯកឧត្តម​ធំៗ​ចាំ​ជួយ​ជ្រោមជ្រែង​ដល់​ក្រុមគ្រួសារ​របស់​គាត់​ទៀតផង​។​

​គេ​ឆ្ងល់​ថា តើ​ឯកឧត្តម ឬ​អស់លោក​ណា​ទៅ​ហ៊ាន​មក​កាង​ក្នុងករណី​រំលោភបំពាន​ដី​បឹងបួ​របស់​រដ្ឋ​នោះ​។​ជាមួយគ្នា​នេះ​បឹង​ឈូក​ខាងលើ បើ​មាន​គេ​ចាក់​ដី​មែន​ពិតជា​បិទផ្លូវ​ទឹក​បង្ក​ទៅ​ជា​ការលិចលង់​ដីស្រែ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត ហើយ​បើ​លិចលង់​មែន​នោះ តើ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ត្រូវ​គិត​បែបណា​?​។​

​ប្រភព​បាន​បង្ហើប​ទៀតថា ក្នុង​អំឡុង​ពេល​ជិត​មួយ​ឆ្នាំ​មកហើយ​ដែល​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ចេញ​សេចក្តីជូនដំណឹង​(​ស​ជណ​) ឲ្យ​លោក​ពូ សំ អេ​ន (​អ្នករំលោភ​ដី​បឹង​) ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ដែល​គាត់​បាន​បោះ​ទន្ទ្រាន​ចេញ​ឲ្យអស់ ប៉ុន្តែ​រហូត​មកដល់ពេលនេះ អ្នក​បោះបង្គោល​មិន​ត្រឹមតែ​មិន​ដក ថែម​ទាំង​សុំ​អន្តរាគមន៍ និង​រត់​ការ​បន្ត​ទៀត ដើម្បី​សុំ​គោលការណ៍​ចាក់ដី​លុប​ដឹង​ឈូក​នេះ​ឲ្យ​ទាល់តែ​បាន ធ្វើ​បែប​នេះ​ហាក់​មាន​ចេតនា​ផ្គើន​នឹង​អាជ្ញាធរ​ពេក​ហើយ ឬ​មួយ​គាត់​អាង​អ្នកកាង​ពី​ក្រោយ​ឬ​យ៉ាង​ណា​ទើប​មិន​ខ្លាចញញើត​នឹង​ច្បាប់់​យ៉ាងនេះ​?​។​

​បន្ទាប់ពី​មាន​ការលេចឮ​ករណី​ចាក់​គ្រោង​ដី​លុប​បឹង​បែបនេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់​នៅក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច បាន​នាំ​គ្នា​រិះគន់​ថា អាជ្ញាធរ​ក្នុង​តំបន់​ហាក់​មាន​ចេតនា​ពន្យា​ពេល និង​គ្មាន​ចំណាត់ការ​មកលើ​ជនខិលខូច ដែល​កំពុង​ទន្ទ្រាន​យក​ដី​បឹង​របស់​រដ្ឋ​បំណង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះឡើយ​។​ម្យ៉ាងទៀត​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ដាស់តឿន​ដល់​មន្ត្រី​ថ្នាក់ក្រោម​ត្រូវ​លុបបំបាត់​ភាព​អសកម្ម​តាមរយៈ​អភិក្រម​ទាំង​៥ គឺ​ឆ្លុះកញ្ចក់ មុជទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់ ហើយ​ត្រូវ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ កុំ​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍​រប​ស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​បំព​សន​ដី​បឹង​ឈូក​ក្នុង​តំបន់​ខាងលើ មហាជន​ក្នុង​ខេត្ត​កំពត​ទាំងមូល​សង្ឃឹមថា អាជ្ញាធរ​ស្រុក​កំពង់ត្រាច ពិតជា​រក​វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​មួយ​គ្រួសារ​បង្ក​រាំងស្ទះ​ដល់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​នោះទេ​។​ហើយ​បង្គោល​ដែល​ជន​ខិលខូច​បោះ​ក្នុង​បឹង​ឈូក គួរតែ​ដក​ចេញ​ឲ្យ​ផុត​ពី​ផ្ទៃ​បឹង ដើម្បី​កុំឲ្យ​យប់យន់​សុបិន​មិនល្អ​។​

​សូមជម្រាបថា​៖ ករណី​ជនខិលខូច​ចង់​ក្រសោប​យក​ដី​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច គឺ​កើតឡើង​តាំងពី​ជំនាន់​លោក​អភិបាលខេត្ត​មុន គឺ លោក ចាន់ ចេស្តា មក​ម្លេះ​ហើយ​ឥឡូវ​ត្រូវ​នៅ​អូសបន្លាយ​រហូត​មកដល់​អភិបាលខេត្ត​បច្ចុប្បន្ន ដោយ​បឹង​ឈូក​នេះ លោក​អូន ខន អភិបាល​ស្រុក​កំពង់ត្រាច លោក​បាន​សន្យា​ដោយ​ធ្វើ​សេចក្តីជូនដំណឹង​(​ស​ជណ​)​ឲ្យ​បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក​ឲ្យអស់​ដោយ​គ្មាន​លក្ខខ័ណ្ឌ ហើយ​បើ​នៅតែ​រឹងរូស លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ជាមួយនេះដែរ គេ​បាន​កត់សម្គាល់​ថា ត្រង់​ចំណុច​ទីតាំង​បឹង​ឈូក​របស់​រដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ផ្នែក​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ​៣១ ចំណុច​ស្ពាន​រូង ក៏​ត្រូវ​គេ​លួច​ចាក់ដី​លុប​ស្ទើតែ​បិទផ្លូវ​ទឹកជិ​តអស់​ទៅហើយ បន្ទាប់​ពី​ហាងឆេង​ដីធ្លី​នៅ​តំបន់​នោះ​កំពុង​ឡើងថ្លៃ​កប់​ពពក​៕ សេង ណា​រិទ្ធ​

r190311d1 r190311d2 r190311d3 r190311d4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!