ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

សម្តេច​តេជោ ហ៊ុន សែន សម្រេច​អនុគ្រោះ​ពន្ធ​សម្រាប់​វិស័យ​សិល្បៈ​ដល់​ឆ្នាំ​២០២៣ និង​ប្រកាស​ថា ពេលណា​សម្តេច​ជា​នាយករដ្ឋមន្ត្រី ពន្ធ​មិន​ត្រូវ​បាន​ដាក់បន្ទុក​លើ​សិល្បៈ

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ថ្លែង​បញ្ជាក់ថា សម្តេច​សម្រេចសម្រួល និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ថែមទៀត រហូតដល់​ដំណាច់​ឆ្នាំ​២០២៣ ដើម្បី​ជា​ការលើកទឹកចិត្ត និង​លើកស្ទួយ​វិស័យ​សិល្បៈ និង​ការផលិត​ភាពយន្ត​ខ្មែរ​។​

​ការសម្រួល និង​អនុគ្រោះ​ពន្ធ​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​ដែល​សម្តេច​តេជោ ហ៊ុន សែន សម្រេច​នោះ​រួមមាន​៖ ១៖ អនុញ្ញាត​ឱ្យ​ព្យួរទុក​ការអនុវត្ត​ពន្ធ​កាត់​ទុក​១៥% លើ​សួយ​សារ​នៃ​ទ្រព្យ​អ​រូបិយ (​ការផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត ក្នុងស្រុក​)​។ ២៖ អនុញ្ញាត​ឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់​ចំណូល ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ និង​៣៖ អនុញ្ញាត​ព្យួរទុក​ការអនុវត្តឤ​ករពិ​សេស​លើ​សេវា​លំហែ​កំសាន្ត (១០%) ជូន​ដល់​សិល្បៈ​សៀក នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប​។​

​សម្តេច​បញ្ជាក់​ទៀត​ថា ការសម្រេច​អនុគ្រោះ​ពន្ធ​នេះ សម្តេច​តេជោ​ទើប​តែ​សម្រេច​នៅ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ និង​ស្រស់ស្រូប​អាហារ​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​នឹង​សិល្បករ សិល្បការិនី នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​ខ្ញុំ​សុំ​បញ្ជាក់​ជូន​អ្នក​ទាំងអស់​គ្នា​នៅ​ទី​នេះ​ថា​ហេតុអ្វី បានជា​ខ្ញុំ​មិន​បន្តឲ្យមាន​ការរួចពន្ធ​រហូតទៅដល់​១០​ឆ្នាំ​? បញ្ហា​ស្ថិតនៅត្រង់​ថា ខ្ញុំ​មាន​ការគោរព​ចំពោះ​នីតិកាល​រដ្ឋសភា ដោយសារតែ​មុខតំណែង​របស់​ខ្ញុំ និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ដូច្នេះ​ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​បោះឆ្នោត អីចឹង​ខ្ញុំ​យក​ការសម្រេច​ជំ​ហ៊ាន​បឋម ដែល​ខ្ញុំ​ទើប​តែ​សម្រេច​លើ​រឿងនេះ តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើក​សំណើ​នេះ ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាំងពី​ខែ​មីនា ឆ្នាំ​២០១៨ ហើយ​ម្សិលមិញ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​លើក​យោបល់​ឲ្យ​ខ្ញុំ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ចង់​ទទួលបាន​នូវ​ពន្ធ​អាករ​ធ្ងន់​ហួស​កម្រិត នៃ​វិស័យ​សិល្បៈ​របស់​យើង​នោះទេ ប៉ុន្តែ​ដោយសារ​តែ​អាណត្តិ​របស់​រាជរដ្ឋាភិបាល ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ហើយ​នៅ​នោះ​បើ​សិន​ប្រជាពលរដ្ឋ​កម្ពុជា និយាយា​ជា​រួម និង​និយាយ​ដោយឡែក​សិល្បករ សិល្បការិនី របស់​យើង​បន្ត​ការគាំទ្រ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ការគាំទ្រ​សម្រាប់​ខ្ញុំ ធ្វើ​នាយករដ្ឋមន្ត្រី មានន័យថា​ពេល​ណា ហ៊ុន សែន នៅ​វត្ត​មាន​ជា​នាយករដ្ឋមន្ត្រី ពេល​នោះ​ពន្ធ​មិន​ត្រូវ​បាន​ដាក់បន្ទុក លើ​សិល្បៈ​របស់​យើង​នោះ​ទេ​។ អីចឹង​ក្រោយ​ឆ្នាំ​២០២៣ បើសិនជា ហ៊ុន សែន ជាប់ឆ្នោត​ច្បាស់​ណាស់​ថា ខ្ញុំ​នឹង​បន្ត​រយៈពេល​នោះ​ទៅ​ដល់​ឆ្នាំ​២០២៨ ប៉ុន្តែ​បើសិន​អ្នកដទៃ​ឈ្នះឆ្នោត ទុក​ឲ្យ​អ្នកដទៃ​គេ​សម្រេច ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា នឹង​បន្ត​ការគាំទ្រ​ខ្ញុំ​បន្តទៀត​»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​នូវ​ក្តី​រំពឹងថា សិល្បករ សិល្បការិនី​កម្ពុជា និង​បងប្អូន​ជនរួមជាតិ​ទាំង​នឹង​នៅតែ​បន្ត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​សម្តេច​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្តទៀត​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​កម្ពុជា និង​វិស័យ​ផ្សេងៗ​ទៀត ឲ្យ​រីកចម្រើន​ជឿនលឿន​ខ្លាំងក្លា​ឡើង​ថែម​ទៀត​៕
​លោក រុន សារ៉េត​

r190308b01 r190308b01a r190308b02 r190308b03 r190308b04 r190308b05 r190308b06 r190308b07 r190308b08 r190308b09 r190308b10 r190308b11 r190308b12 r190308b13 r190308b14 r190308b15 r190308b16 r190308b17 r190308b18 r190308b19

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!