ខេត្តស្ទឹងត្រែង៖ កាលពីរសៀលថ្ងៃទី១៦វិច្ឆិកា នៅក្នុងពិធីផ្តល់ជូនអាវរងារ ដល់កងកម្លាំងទិសយោធភូមិភាគទី១ខេត្តស្ទឹងត្រែង នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថាកងទ័ពជើងគោក គឺជាកម្លាំងដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ជូនប្រទេសជាតិ និងប្រជាជន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ នៅទិសយោធភូមិភាគទី១ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងហានលះបង់ពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៃយើង ៕